អ្នកប្រឹក្សាយោបល់ ង៉ែត ជូ៖ គន្លឹះ៦យ៉ាងជួយអោយអ្នកធ្វើការមានជីវភាពធូធា

អ្នកប្រឹក្សាយោបល់ ង៉ែត ជូ៖ គន្លឹះ៦យ៉ាងជួយអោយអ្នកធ្វើការមានជីវភាពធូធា

ការធ្វើការអោយគេតែមួយមុខដើម្បីយកប្រាក់ខែចិញ្ចឹមជីវិត និងគ្រួសារ មិនគ្រប់គ្រាន់នោះទេ។ យុវជនត្រូវចេះច្នៃប្រាក់ខែដែលរកបានមកដោយលំបាកអោយជួយបង្កើតចំណូលបន្ថែម។ ដូច្នេះ យុវជនគួរអនុវត្តចំណុចទាំង៦ខាងក្រោម:
១) បណ្តុះគំនិតវិជ្ជមាន ឬរីកចំរើន (growth mindset): អ្នកត្រូវរៀនគិតវិជ្ជមាន ដូចជាត្បិតតែខ្លួនជាគ្រូបង្រៀន អ្នកក៏អាចមានសមត្ថភាពរៀនធ្វើជំនួញឬវិនិយោគលើជំនាញដទៃទៀតដែរ។ អ្វីដែលអ្នកត្រូវការគឺពេលវេលាសំរាប់កសាងសមត្ថភាព និងដកបទពិសោធន៍ដោយរៀនអនុវត្តផ្តាល់តែម្តង។ គំនិតវិជ្ជមានជួយអោយអ្នករិះរកគ្រប់មធ្យោបាយដើម្បីទទួលបានជោគជ័យ។
២) ជ្រើសរើសបរិយាកាសអំណោយផលដែលនាំអោយអ្នកមានភាពចំរុងចំរើន (choose enabling environment): ដើម្បីចិញ្ចឹមគំនិតវិជ្ជមានអោយឈានដល់ការអនុវត្តរហូតបានផ្លែផ្កា អ្នកចាំបាច់ត្រូវជ្រើសរើសយកបរិយាកាសសង្គមដែលជំរុញលើកទឹកចិត្តរបស់អ្នក។ អ្នកមិនអាចចេះធ្វើជំនួញដោយចំណាយពេលវេលាច្រើនជាមួយអ្នកនិយមលេងល្បែងស៊ីសងនោះទេ។ អ្នកប្រាកដជាត្រូវសេពគប់ជាមួយអ្នកជំនួញអោយបានច្រើន ស្តាប់អ្នកមានបទពិសោធន៍អោយបានច្រើន។ល។
៣) ធ្វើអ្វីធ្វើអោយប្រាកដ (Focus): អ្នកនឹងមិនអាចជោគជ័យនោះទេប្រសិនបើអ្នកចាប់មុខការមិនច្បាស់លាស់ ខ្វះភាពអំណត់ និងឆាប់បោះបង់គោលដៅ។
៤) ធ្វើអ្វីធ្វើអោយបានលឿនទាន់សភាពការណ៍ (Fast): ប្រសិនបើអ្នកទើបនឹងចាប់ផ្តើមពុះដីឡូតិ៍លក់ ឬបើកហាងកាហ្វេ នោះអ្នកដើរយឺតពេកហើយ អ្នកអាចប្រឈមនឹងការបរាជ័យខ្ពស់។ អ្នកគួរតែចាប់ផ្តើមមុខរបរទាំងនេះតាំងពី១០ឆ្នាំមុនមកម្លេះ។ 
៥) មានភាពបទបែន (Flexible): អ្នកត្រូវចេះធ្វើសេចក្តីសំរេចចិត្តកែប្រែស្ថានការណ៍តាមភាពជាក់ស្តែងត្បិតអ្វីៗមិនមែនសុទ្ធតែដំណើការតាមការគ្រោងទុកឬការរំពឹងទុកនោះទេ។ ឧទាហរណ៍ គម្រោងវីឡាកូនកាត់របស់បុរីពិភពថ្មីនៅឈូកវ៉ាសាងសង់ឡើងមិនសំរាប់អោយអតិថិជនសង់ឡើងលើបន្ថែមនោះទេ។ ដោយមានការមិនពេញចិត្តពីសំណាក់មហាជននិងអតិថិជន ក្រុមហ៊ុនបានកែសំរួលគម្រោងនៅកាំបូលជាផ្ទះដែលអាចសង់ឡើងលើបាន។ 
៦) ត្រូវធ្វើខ្លួនជាមនុស្សស្មោះត្រង់ និងអាចទទួលបានកម្ចីពីធនាគារឬប្រភពដទៃ (be honest and financeable): នៅក្នុងសម័យកាលសេដ្ឋកិច្ចបែបហិរញ្ញវត្ថុ ការណ៍ដែលមិនអាចទទួលបានកម្ចីឬទុនពីប្រភពដទៃប្រៀបដូចជាជនពិការជើង អ្នកមិនអាចរត់ប្រណាំងជាមួយអ្នកមានកាយសប្បទាពេញលេញនោះទេ។ និយាយរួម អ្នកអាចនឹងបាត់បង់ឱកាសឬខាតពេលវេលា ប្រសិនបើចាំមានប្រាក់គ្រប់ទើបធ្វើជំនួញឬចាប់ផ្តើមវិនិយោគ៕

ប្រភពអត្ថបទ៖ គណនេយ្យហ្វេសប៊ុករបស់អ្នកប្រឹក្សាយោល់ ង៉ែត ជូ

ចែកចាយតាមបណ្ដាញសង្គម