អ្នកប្រឹក្សា​យោបល់ ង៉ែត ជូ៖ និស្សិត និងយុវជនកម្ពុជាភាគច្រើនកំពុងប្រឈមនឹង “បញ្ហាធំៗចំនួន៤"

អ្នកប្រឹក្សា​យោបល់ ង៉ែត ជូ៖ និស្សិត និងយុវជនកម្ពុជាភាគច្រើនកំពុងប្រឈមនឹង “បញ្ហាធំៗចំនួន៤"

អ្នកប្រឹក្សាយោបល់​ សួរមួយ លោក​ ង៉ែត ជូ តាមរយៈបទសម្ភាសន៍ជាមួយវេទិកាសួរមួយបានលើកឡើងថា៖ យុវជនគួរមានសេចក្តីក្លាហានក្នុងការសុំការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ល្អៗ។ សូមអានបទសម្ភាសន៍រវាងវេទិកាសួរមួយនិងលោក ង៉ែត ជូ ខាងក្រោម៖

សួរមួយ៖ បើតាមការសង្កេតរបស់លោក តើនិស្សិតនិងយុវជនកម្ពុជាភាគច្រើនកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?

ង៉ែត ជូ៖​ និស្សិត និងយុវជនកម្ពុជាភាគច្រើនកំពុងប្រឈមនឹង “បញ្ហាធំៗចំនួន៤” ដូចជា: ១) មិនស្គាល់ពីគោលដៅពិតនៃជីវិត ២) មិនដឹងថាតើត្រូវជ្រើសរើសមុខជំនាញសិក្សាបែបណាទើបសក្ត័សមនឹងចំនង់ចំណូលចិត្តរបស់ខ្លួន ៣) មានអារម្មណ៍រំជើបរំជួលនឹងភាពស៊ីវីល័យ និងសម្ភារៈនិយម និង ៤) ខ្វះចំណេះដឹងក្នុងការចាត់ចែងលុយកាក់ដែលរកបានអោយមានប្រសិទ្ធិភាព។

សួរមួយ៖​ តើសិស្សនិស្សិតនិងយុវជនគួរធ្វើយ៉ាងដូចម្តេចដើម្បីរៀបចំគ្រោងជីវិតអោយបានប្រសើរ? 

ង៉ែត ជូ៖ ដើម្បីរៀបចំគម្រោងជីវិតអោយបានប្រសើរ សិស្ស និស្សិត និងយុវជនគប្បីសិក្សាស្វែងយល់ពីសង្គម ពីបំណិនជីវិត និងស្គាល់ខ្លួនឯងអោយបានច្បាស់។ ជាពិសេសត្រូវរកអោយឃើញថាតើអ្វីទៅជាបុព្វហេតុនៃជីវិតរបស់ខ្លួន? តើខ្លួនគួរធ្វើអ្វីដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ?

សួរមួយ៖ ទាក់ទងនិងការប្រឹក្សាយោបល់វិញ ក្នុងនាមជាអ្នកប្រឹក្សាយោបល់មួយរូប តើលោកគិតថា សិស្សនិស្សិតនិងយុវជនកំពុងជួបប្រទះបញ្ហាអ្វីខ្លះក្នុងការស្វែងរកការប្រឹក្សាយោបល់? 

ង៉ែត ជូ៖ ខ្ញុំគិតថា សិស្សនិស្សិតនិងយុវជនកំពុងជួបប្រទះបញ្ហាចំនួន៣ក្នុងការស្វែងរកការប្រឹក្សាយោបល់ គឺ ១) មិនបានដឹងពីប្រភពនៃការផ្តល់ការប្រឹក្សាយោបល់។ ២) មិនយល់ពីអត្ថប្រយោជន៍នៃការទទួលបានការប្រឹក្សាយោបល់។ ៣) ខ្វះសេចក្តីក្លាហានក្នុងការសុំការប្រឹក្សាយោបល់។

សួរមួយ៖​ បើតាមយោបល់របស់លោក តើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអាចជួយពួកគាត់ដែលជាយុវជន/និស្សិតអ្វីខ្លះ?

ង៉ែត ជូ៖ ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអាចជួយពួកគាត់ដែលជាយុវជន និងនិស្សិតទទួលបានបទពិសោជន៍ជីវិតល្អៗ មានការយល់ដឹងពីជីវិតពិត និងសង្គមកាន់តែប្រសើរ និងអាចឈានដល់ការស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនក៏ដូចជាចេះធ្វើគម្រោងជីវិតបានប្រសើរជាងមុន។

សួរមួយ៖ ហេតុអ្វីបានជាលោកស្ម័គ្រចិត្តធ្វើជាអុ្នកប្រឹក្សាយោបល់ដល់យុវជន/និស្សិតកម្ពុជាជាពិសេសអ្នកស្វែងរកការប្រឹក្សាយោបល់?

ង៉ែត ជូ៖ ខ្ញុំស្ម័គ្រចិត្តធ្វើជាអុ្នកប្រឹក្សាយោបល់ដល់យុវជន/និស្សិតកម្ពុជាជាពិសេសអ្នកស្វែងរកការប្រឹក្សាយោបល់ ព្រោះចង់ចែករំលែកបទពិសោធន៍ពិតនៃជីវិតទាំងជីវិតការងារ ការធ្វើជំនួញ និងជីវិតក្នុងសង្គម។ ជាពិសេសជួយអោយពួកគាត់ស្គាល់ខ្លួនឯងអោយបានកាន់តែច្បាស់ ចេះកំណត់គោលដៅ និងធ្វើផែនការជីវិតតាមគោលដៅដែលបានកំណត់។

សួរមួយ៖ តើលោកមានដំបូន្មាន ឬសារអ្វីដែលចង់ផ្តាំផ្ញើរទៅកាន់និស្សិតនិងយុវជន?

ង៉ែត ជូ៖ ខ្ញុំមានដំបូន្មាន ឬសារអ្វីដែលចង់ផ្តាំផ្ញើរទៅកាន់និស្សិតនិងយុវជនដូចតទៅ: ១) ចូរ បើកគំនិតអោយទូលាយ និងសិក្សាពីសង្គមអោយបានជ្រៅជ្រះ។ ២) ចូរ មានសេចក្តីក្លាហានក្នុងការសុំការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ល្អៗក៏ដូចជាចំណាយពេលអានសៀវភៅ និងអត្ថបទសិក្សានានាអោយបានច្រើន។ ៣) ចូរ រៀនស្គាល់ពីខ្លួនឯងអោយបានច្បាស់ ចេះកំណត់គោលដៅ ធ្វើផែនការជីវិត និងយល់ពីបុព្វហេតុនៃជីវិតរបស់ខ្លួន។ ពោលត្រូវចេះសួរថា តើខ្លួនរស់នៅដើម្បីអ្វី? ៤) ចូរ រៀនពីចំណេះដឹងក្នុងការចាត់ចែងលុយកាក់អោយមានប្រសិទ្ធិភាព។ ៥) ចូរ ចេះអោយតម្លៃមនុស្សដោយផ្តោតលើសមត្ថភាព និងសីលធម៌ ដោយមិនអោយតម្លៃលើសម្ភារៈ និងឋានៈក្នុងសង្គមនោះទេ។ ជាចុងក្រោយគឺធ្វើអ្វីធ្វើអោយប្រាកដ មិនត្រូវចាប់នេះបន្តិច ចាប់នោះបន្តិចដែលជាហេតុធ្វើអោយលទ្ធផលមិនសមប្រកប។

ចែកចាយតាមបណ្ដាញសង្គម