ចេង ម៉េងជូ៖​ និស្សិត​ ជា​ពិសេស​និស្សិតស្រី ​កុំមានការ​ស្ទាក់​ស្ទើរ

ចេង ម៉េងជូ៖​ និស្សិត​ ជា​ពិសេស​និស្សិតស្រី ​កុំមានការ​ស្ទាក់​ស្ទើរ

 

 

តាមរយៈកិច្ចសម្ភាសន៍ជាមួយវេទិកាអនឡាញ៍សួរមួយអ្នកប្រឹក្សាយោបល់ ចេង ម៉េងជូ បានជម្រុញ និស្សិត​ ជា​ពិសេស​និស្សិតស្រី ​កុំមានការ​ស្ទាក់​ស្ទើរ ប្រសិនបើ​មាន​បំណងចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​តាមរយៈកម្មវិធី​​អាហារូបករណ៍​ផ្សេងៗ​រួម​ទាំង​អាហារូបករណ៍ Cheveningផង​ដែរ។ សូមអានបទសម្ភាសន៍របស់មួយជាមួយអ្នកប្រឹក្សាយោបល់ ចេង ម៉េងជូ ខាងក្រោម៖

សួរមួយ៖សូមបងជួយរៀបរាប់ពីសាវតាយ៉ាងសង្ខេបរបស់បងបន្តិចដល់ប្រិយមិត្ត «សួរមួយ»

ម៉េងជូ៖ ខ្ញុំ​ឈ្មោះ​ ចេង ម៉េង​ជូ សព្វថ្ងៃ​ជា​អ្នក​សារព័ត៌មាន​ (Freelance)។​ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​Cheveningពី​ចក្រភព​អង់គ្លេស​ទៅ​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិតផ្នែក​សិទ្ធិ​មនុស្ស​ ​ខ្ញុំ​បាន​បំពេញ​ការងារ​ជា​អ្នក​រាយការណ៍​ព័ត៌មាន​​​នៅ​​​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា និង​ក្រោយ​មក​ជា​អ្នក​សម្រប​សម្រួល​ការ​ផ្សាយព្រឹត្តិការណ៍​បោះឆ្នោត​នៅ​កម្ពុជា​។ ​​

សួរមួយ៖ បងធ្លាប់ជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសតាមរយៈកម្មវិធី Chevening Scholarship ដែលជាអាហារូបករណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លេស តើបងអាចជួយចែករំលែកពីបទពិសោធន៍និងការត្រៀមខ្លួនដើម្បីឈ្នះអាហារូបករណ៍នេះ?

ម៉េងជូ៖ ​មុន​នឹង​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្រកួត ខ្ញុំ​គិត​ថា​ យើង​​គប្បី​​​ស្វែង​យល់​ពី​លក្ខន្តិកៈនៃ​អាហារូបករណ៍​នេះ​ឲ្យ​បាន​ច្បាស់លាស់ជា​មុន​សិន ដើម្បី​ងាយ​ស្រួល​ត្រៀម​ខ្លួន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ដែល​កម្មវិធី​អាហារូបករណ៍​តម្រូវ។ លក្ខខណ្ឌ​បី​ដែលខ្ញុំ​គិត​ថា​សំខាន់​ជាង​គេ​ក្នុង​ពេល​ដាក់​ពាក្យ គឺ​​បទ​ពិសោធន៍​ការងារ​ សមត្ថភាព​ភាសាអង់គ្លេស និង​លទ្ធផល​សិក្សានៅ​​ថ្នាក់​បរិញ្ញាប័ត្រ។ យើង​គួរ​តែ​គិត​គូរ​រៀបចំ​ខ្លួនដើម្បី​បំពេញ​​លក្ខខណ្ឌ​ទាំង​៣​នេះ​ពី​ចម្ងាយ ចៀសវាង​ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ដោយ​​មិន​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់។ ដោយ​សារ​​លក្ខន្តិកៈ​នៃ​អាហារូបករណ៍​នេះអាច​មាន​ការ​កែប្រែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច្នេះ​​អ្នក​មាន​បំណង​ដាក់​ពាក្យ​​ គួរ​តែ​តាមដាន​ព័ត៌មាន​អំពី​អាហារូបករណ៍​នេះ តាម​រយៈ​​គេហទំព័រ​របស់​Chevening គឺ www.chevening.org ឬទំព័រ​Facebook របស់​កម្មវិធី​នេះ គឺ www.facebook.com/cheveningfco ។ ប្រសិន​បើ​មាន​មន្ទិល​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​​អាហារូបករណ៍​នេះ យើងគួរ​​អាន​​ផ្នែក​FAQs (Frequently Asked Questions - សំណួរ​ដែល​ត្រូវ​បាន​សួរ​ជា​ញឹកញាប់) ដោយ​ចូល​ទៅ​កាន់​ https://www.chevening.org/apply/faqs ឬ សាកសួរ​​អ្នក​ដែល​ធ្លាប់​ដាក់​ពាក្យ​ប្រកួត​យក​អាហារូបករណ៍​នេះ។ ប្រសិន​បើ​​យើង​គិត​ថា​ ​យើង​​​អាច​បំពេញ​គ្រប់​លក្ខន្តិកៈ​ដែលកម្មវិធី​​Chevening បាន​តម្រូវ យើង​គួរ​រួសរាន់​ស្វែង​រក​សាកលវិទ្យាល័យ​ដែល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ដែល​យើង​ត្រូវ​ការឲ្យ​បាន​៣កន្លែង ហើយ​កំណត់​ចំណាំ​ពី​លក្ខខណ្ឌ​ដែល​សាកលវិទ្យាល័យ​នីមួយៗ​តម្រូវ ព្រម​ទាំង​ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យនៃ​សាកលវិទ្យាល័យ​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់។ ក្រោយ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​សាកលវិទ្យាល័យ និង​មុខ​ជំនាញ​សិក្សា​រួចហើយ ​យើង​គួរ​តែ​ចាប់​ផ្ដើម​​រៀបចំ​​ដាក់​ពាក្យ​សុំ​ចូលរៀន​ទៅ​កាន់​សាកល​វិទ្យាល័យ​ទាំង​នោះ​ ភ្លាមៗ​ក្រោយ​​ពេល​ដែល​យើង​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ពីកម្មវិធី​Chevening

 

សួរមួយ៖ ខ្ញុំសុំឱ្យ​ជួយចែករំលែកបទសោធន៍ក្នុងការរស់និងសិក្សានៅចក្រភពអង់គ្លេសក្នុងកំឡុងពេលដែលបងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅទីនោះ?

ម៉េងជូ៖ ដោយសារ​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិតនៅ​ចក្រភព​អង់គ្លេស​មាន​​រយៈពេល​មួយ​ឆ្នាំ​ ពេល​វេលាដែល​យើង​មានសម្រាប់​ផ្ស៊ាំ​ខ្លួន​ទៅនឹង​របៀបរបប​​រស់​នៅ​ថ្មី របៀប​សិក្សា​រៀនសូត្រថ្មី (ទាំង​​​ក្នុង​សាលា និង​ក្រៅ​សាលា) ហាក់​មាន​រយៈ​ពេល​ខ្លី​​ បើ​ប្រៀបធៀប​នឹង​ការ​សិក្សា​ដែល​មាន​រយៈពេល​វែង​ជាង​នេះ។ ដូច្នេះ​​ ដើម្បីធានា​ថា ការ​សិក្សា​របស់​យើង​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូនក្នុង​រយៈពេល​ដ៏​ខ្លីនេះ ​ខ្ញុំ​គិត​ថា រាល់​ការ​សម្រេច​ចិត្ត​​ពាក់ព័ន្ធ​នឹង​ការ​រស់​នៅ​ និង​ការ​សិក្សា​នៅ​ទីនោះ រាប់​ទាំង​ការ​ជ្រើស​រើស​កន្លែង​ស្នាក់​នៅផង យើង​គួរ​តែ​គិត​គូរ​អំពីកត្តា​​សុខុមាលភាពរបស់​យើង​​ជា​ចម្បង ហើយ​រាល់​ពេល​យើង​ជួប​ប្រទះ​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ការ​សិក្សា យើង​គប្បី​ស្វែង​រក​ការ​ប្រឹក្សា​​ពី​អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ​ដែល​យើង​កំពុង​សិក្សា​នោះឱ្យ​បាន​ទាន់​ពេល​វេលា ចៀសវាង​បណ្ដោយ​ឱ្យ​បញ្ហា​នោះ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​យើង។ ខ្ញុំ​សង្កេត​ឃើញ​ថា  សុខុមាលភាព​របស់​និស្សិត​​ជា​អ្វីដែល​សាកលវិទ្យាល័យ​នៅ​ទីនោះ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ជំរុញ​ឲ្យ​និស្សិត​​ចាត់​ទុក​វា​ជា​រឿង​សំខាន់បំផុត​។ ដូច្នេះ​សូម​កុំ​រារែក​ក្នុង​ការ​ស្វែង​រក​ការ​ប្រឹក្សា​ពី​អ្នក​ជំនាញ​នៅ​ក្នុង​សាកលវិទ្យាល័យ​ដែល​យើង​សិក្សា​នោះ។

៤.​ ហេតុអ្វីបានជាបងស្ម័គ្រចិត្តធ្វើជាអុ្នកប្រឹក្សាយោបល់ដល់យុវជន/និស្សិតកម្ពុជាជាពិសេសអ្នកស្វែងរកការប្រឹក្សាយោបល់?

​ខ្ញុំ​តែង​តែ​គិត​ថា គំនិត​ច្រើន​ប្រសើរ​ជាង​គំនិត​តិច។ ការ​ទទួល​បាន​គំនិត​ច្រើន​ពី​អ្នក​ដទៃ​ ជាពិសេស​អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​កាត់អ្វីមួយ​មុន​យើង អាច​​ធ្វើ​ឲ្យ​យើង​មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​សម្រេច​ចិត្ត។ ​​ខ្ញុំ​ជឿ​ថា យុវជន​ ឬ និស្សិត​កម្ពុជាជា​ច្រើន​ក៏​គិត​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​ពួកគាត់​ខ្លះ​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធន៍​ដើម្បី​ប្រឹក្សាយោបល់។ ដូច្នេះ​ហើយ​ទើប​​ខ្ញុំ​គិត​ថា ប្រហែល​ជា​​ខ្ញុំ​អាច​រួម​ចំណែក​ជួយ​ពួកគាត់​បាន​ខ្លះ។

សួរមួយ៖ បើតាមការយល់ឃើញរបស់បង តើការប្រឹក្សាយោបល់ជាពិសេសទាក់ទងនឹងការដាក់អាហារូបករណ៍ដើម្បីបន្តការសិស្សានៅក្រៅប្រទេស ជាមួយអ្នកមានបទពិសោធន៍អាចជួយពួកគាត់ដែលជានិស្សិត អ្វីខ្លះ?

ម៉េងជូ៖ ដោយសារ​ខ្លួន​​​ខ្ញុំផ្ទាល់​​​ក៏​ធ្លាប់​សាក​សួរ​បងៗដែលធ្លាប់​​​ទទួល​បាន​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដែរ​ ខ្ញុំសង្កេត​ឃើញ​​ថា ការ​ទទួល​បាន​គំនិត​ ឬ ដំបូន្មាន​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍មុន​យើង ​អាច​ជួយ​យើង​បាន​ច្រើន​។ ទី​មួយ​ នៅពេល​យើងដឹង​ច្បាស់​ពី​របៀប​ដាក់ពាក្យ​សុំ​​អាហារូបករណ៍​ណាមួយពី​អ្នក​មាន​បទ​ពិសោធន៍​​ យើង​អាច​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​នៃ​ការ​បំពេញ​សំណុំ​ឯកសារ និង​ជម្រះ​មន្ទិល​បាន​ច្រើន​។ ​ទីពីរ​ យើង​អាច​ទទួល​បាន​គន្លឹះ​ផ្សេងៗដែល​អាច​យក​ទៅ​អនុវត្ត ដើម្បី​​បង្កើន​សក្តានុពល​របស់​យើង​ក្នុង​ពេលដាក់​ពាក្យ​ និង​ក្នុង​ពេល​សម្ភាសន៍ ហើយ​អ្វី​ដែល​សំខាន់​​ដែរ​នោះ គឺ​ពួកគាត់​​ក៏​អាច​ជួយ​យើង​​​បង្កើន​ទំនុក​ចិត្តលើ​ខ្លួន​ឯងផង​ដែរ។

 

សួរមួយ៖ តើបងមានសារអ្វីដើម្បីផ្ញើជូនដល់យុវនិស្សិតមានបំណងចង់ទៅបន្តការសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ជាពិសេសតាមរយៈកម្មវិធី​​​ Chevening Scholarship?​​

ម៉េងជូ៖ ខ្ញុំ​ចង់​ប្រាប់​ទៅនិស្សិត​ ជា​ពិសេស​និស្សិតស្រី ដែល​មាន​បំណងចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​តាមរយៈកម្មវិធី​​អាហារូបករណ៍​ផ្សេងៗ​រួម​ទាំង​អាហារូបករណ៍​Cheveningផង​ដែរ​ថា សូម​កុំ​ស្ទាក់​ស្ទើរ។ ដរាប​ណា​យើង​ជា​បុគ្គល​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ក្នុង​​សង្គម និង ស្គាល់​ខ្លួន​ឯង​ច្បាស់​ យើង​គួរតែ​​​តាំង​ចិត្ត​ឱ្យ​បាន​មុត​មាំ​ក្នុង​ការ​ស្វែង​រក​​​​ឱកាស​​​បង្កើន​ចំណេះ​វិជ្ជា និង​ ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗនៅ​​ក្រៅ​ប្រទេស​​​ តាម​រយៈ​អាហារូបករណ៍ផ្សេងៗ ហើយ​នៅ​ពេល​ប្រទះ​ឃើញ​ឱកាស​ណាមួយ​ដែល​សម​ស្របនឹងឆន្ទៈ ព្រម​ទាំង​ផែនការ​អនាគត​របស់​យើង យើង​គួរ​តែ​ផ្ដោត​លើ​ការ​រិះរក​​វិធី​ដើម្បី​ទទួល​បាន​ឱកាស​នោះ ចៀសវាង​ការ​រាថយ ទាំង​​មិន​បាន​សាកល្បង៕

 

ចែកចាយតាមបណ្ដាញសង្គម