បទពិសោធន៌ជោគជ័យក្នុងការទទួលបានអាហារូបករណ៍នូវែលសេឡង់

បទពិសោធន៌ជោគជ័យក្នុងការទទួលបានអាហារូបករណ៍នូវែលសេឡង់

សួរមួយពិតជាមានសេចក្តីរីករាយដែល លោក រ័ត្ន តារាពិសួគ៌ (Rath Darapisuor) បានលះបង់ពេលពេលវេលារបស់លោកដើម្បីស្ម័គ្រចិត្តធ្វើជាទីប្រឹក្សារបស់សួរមួយ ទាក់ទងនឹងបទពិសោធន៌ជោគជ័យក្នុងការទទួលបានអាហារូបករណ៍នានាដូចជា Asian Development Bank (ADB) និង New Zealand ASEAN Scholarships. ថ្មីៗនេះ លោក តារាពិសួគ៌ ទទួលបានអនុបណ្ឌិតច្បាប់ (Master of Laws) ពីសាកលវិទ្យាល័យ The University of Waikato ប្រទេសនូវែលសេឡង់ ហើយលោករីករាយក្នុងការចែករំលែកបទពិសោធន៌ក្នុងការទទួលបានអាហារូបករណ៍នូវែលសេឡង់ដូចខាងក្រោម៖ 

អាហារូបករណ៍នូវែលសេឡង់ជាអាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ដែលបើកទទួលពាក្យនៅដើមខែកុម្ភៈ និងឈប់ទទួលពាក្យនៅចុងខែកុម្ភៈជារៀងរាល់ឆ្នាំ។ ក្នុងមូយឆ្នាំៗ មាននិស្សិតជាប់អាហារូបករណ៍នេះមានប្រហែល៣០ ទៅ៣៥នាក់ ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត (ប្រហែល២ទៅ៣នាក់ស្មើនឹង១០ភាគរយនៃបេក្ខជនដែលបានជ្រើសរើស)។ ជំនាញសិក្សាអាទិភាពជាគន្លឹះរួមមាន៖ ការប្រែប្រួលអាកាសធាតុ និងការបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ សុវត្ថិភាពស្បៀងអាហារនិងកសិកម្ម ថាមពលប្រើប្រាស់ឡើងវិញ អភិបាលកិច្ចល្អ និងការអប់រំ។

បេក្ខជនត្រូវមាន៖ ក) បទពិសោធន៍ការងារពេញម៉ោងរយៈពេលមួយ(០១)ឆ្នាំ (ចាប់ពី៣០ម៉ោងឡើងទៅក្នុងមួយសប្តាហ៍) ឬ ខ). ពិសោធន៍ការងារក្រៅម៉ោងរយៈពេលពីរ(០២)ឆ្នាំ (រហូតដល់២៩ម៉ោងក្នុងមួយសប្តាហ៍) - អាយុចាប់ពី១៨ ដល់ ៤០ ឆ្នាំ។ (សូមចូលទៅកាន់គេហទំព័រនេះដើម្បីទទួលបានព័ត៌មានបន្ថែមសូមចូលទៅកាន់ https://bit.ly/2Hzrit8 និងគន្លឹះក្នុងការសរសេរសូមចូលទៅកាន់ https://bit.ly/2P0loFN ។ ដំណើរការនៃការដាក់ពាក្យសុំ និងជ្រើសរើស៖

១. បំពេញពាក្យស្នើសុំអនឡាញ និងដាក់ពាក្យ (submit)

២. បេក្ខជនសក្តានុពលតម្រូវឱ្យធ្វើតេស្តកត្តវិទ្យា (psychometric test) ១០ថ្ងៃក្រោយពីទទួលបានអ៊ីម៉េលក្នុងខែមេសា/ឧសភា

៣. ទទួលបានព័ត៌មានពីការជ្រើសរើសយកទៅធ្វើតេស្តភាសាអង់គ្លេស IELTS សម្រាប់បេក្ខជនសក្តានុពលដែលមិនទាន់មានពិន្ទុគ្រប់ ឬមិនដែលប្រឡង (ចំណាំ៖ បេក្ខជនដែលមានពិន្ទុគ្រប់សរុប៦.៥ ដែលគ្រប់ជំនាញទាំងបួនចាប់ពី៦ឡើងទៅមិនចាំបាច់ធ្វើតេស្តនេះម្តងទៀតឡើយ) លើកលែងតែជំនាញខ្លះ ៗដូចជាច្បាប់ជាដើមត្រូវទាមទារឱ្យមានពិន្ទុ៧.០តាមលក្ខខណ្ឌតម្រូវរបស់សាលា

៤. អ្នកបានពិន្ទុភាសាចាប់ពី៥.៥ ឡើងទៅនឹងត្រូវយកមកចំរាញ់ម្តងទៀតដើម្បីជ្រើសយកទៅសម្ភាសន៍៥. ការសម្ភាសន៍បេក្ខជននីមួយៗមានរយៈពេលពី៣០នាទី ទៅ ១ម៉ោងពីតំណាងស្ថានទូតណូវែលសេឡង់ប្រចាំព្រះរាជាណាចក្រថៃ/កម្ពុជា ឬតំណាង IDP កម្ពុជា។ ព័ត៌មានសម្រាប់ការត្រៀមខ្លួនសម្ភាសន៍សូមចូលទៅកាន់៖ https://bit.ly/37GnYr0 

៦. ការផ្ទៀងផ្ទាត់អ្នកធានា (reference check)

៧. ជូនដំណឹងពីការជាប់ បំរុង ឬធ្លាក់តាមរយៈអ៊ីម៉េល ប្រហែលក្នុងខែកក្កដាឬសីហា

៨. ចាប់ផ្តើមចូលរៀនត្រៀម៖

ក. សម្រាប់អ្នកមានពិន្ទុគ្រប់ (Direct Entry) រៀនជំនាញនិងវិធីសាស្រ្តក្នុងការស្រាវជ្រាវ និងចាប់ផ្តើមដាក់ពាក្យតាមសាកលវិទ្យល័យដែលបានជ្រើសរើស និងដាក់ទិដ្ឋាការ។ ពួកគេអាចចេញទៅសិក្សានៅខែមករា/កុម្ភៈ (ឆមាសទី១) ប្រសិនបើសាលាទទួល និងទទួលបានទិដ្ឋាការ។

ខ. សម្រាប់អ្នកមិនទាន់មានពិន្ទុគ្រប់ (Intensive) ចូលរៀនបំប៉ភាសាចាប់ពីខែកញ្ញា/តុលា រហូតដល់ខែសីហាឆ្នាំបន្ទាប់។ ចំណាំ៖ បើសិស្សរៀនបានពិន្ទុល្អនឹងត្រូវបានជ្រើសរើសចូលរៀនថ្នាក់ត្រៀមប្រឡងភាសា (Fast Track) ក្នុងអំឡុងខែកុម្ភៈ/មីនា ហើយបើគ្រប់អាចចេញដំណើរទៅរៀនពាក់កណ្តាលឆ្នាំ (ឆមាសទី២)។

គ. ឯកសារសម្រាប់ទិដ្ឋាការរួមមាន៖ លិខិតថ្កោលទោល (បើរៀនលើសពី១ឆ្នាំកន្លះ) និងលិខិតត្រូតពិនិត្យសុខភាព។ សម្រាប់ឯកសាររួមមាន លិខិតឆ្លងដែន សញ្ញាបត្រ ព្រឹត្តបត្រពិន្ទុ និងឯកសារផ្សេងទៀតនឹងត្រូវឱ្យបង្ហាញជូននៅពេលដែលបេក្ខជនត្រូវបានជ្រើសរើស។ ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណាក់កាលនីមួយៗសូមចូលទៅកាន់៖ https://bit.ly/39IPzJq សូមចុច like Follow ហ្វេសបុកផេក៖ New Zealand Scholarships-Cambodia ដើម្បីទទួលបានព័ត៌មាន និងការចែករំលែកពីអតីតនិស្សិត។

គន្លឹះសំខាន់ៗក្នុងការទទួលបានជោគជ័យការដាក់ពាក្យ អាហារូបករណ៍នូវែលសេឡង់រួមមាន៖

o   មានលក្ខណៈសម្បត្តិគ្រប់តាមតម្រូវការរបស់អាហារូបករណ៍។

o គួរជ្រើសរើសជំនាញដែលសមស្របទៅនឹងសមត្ថភាព បទពិសោធន័ការងារ និងផ្តល់ផលប៉ះពាល់ជាវិជ្ជមានដល់ការអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់ការសិក្សា។

o គួរសរសេរពាក្យស្នើសុំឱ្យចំៗ ខ្លីៗ និងមានឧទាហរណ៍បញ្ជាក់។

គួរសាកសួរអ្នកដែលមានបទពិសោធន៍ដើម្បីឈ្វេងយល់ពីគន្លឹះល្អៗ ឬចូលរួមស្តាប់បទបង្ហាញមុនកាលបរិច្ឆេទទទួលពាក្យដែលរៀបចំដោយ IDP

o  គួរត្រៀមខ្លួនសិក្សាភាសាអង់គ្លេសសម្រាប់ប្រឡង IELTS ឬមានពិន្ទុគ្រប់តាមតម្រូវការជាការប្រសើរ។ និងត្រៀមខ្លួនចំណាយពេលវេលា ថាមពល និងថវិកា(សម្រាប់គ្រួសារ)បើអ្នកត្រូវបានជ្រើសរើសឱ្យរៀនវគ្គបំប៉នភាសា Intensive ព្រោះអ្នកត្រូវលាលែងពីការងារ និងចូលរៀនវគ្គពេញម៉ោងនៅ ACE ហើយទទួលបានប្រាក់ឧបត្ថម្ភប្រហែល១៨០-២០០ ដុល្លាក្នុងមួយខែ។

o   កុំភ័យព្រួយបើរៀនបានពិន្ទុ GPA ក្រោម ៣.៥ ឬ ៣.០

o   កុំចម្លងពាក្យស្នើសុំរបស់អ្នកដទៃ

o   កុំសរសរហួសពីសមត្ថភាពខ្លួន

o   កុំដាក់ពាក្យសុំមុនមួយថ្ងៃ ឬចំថ្ងៃបញ្ចប់ព្រោះប្រព័ន្ធអាចមានភាពរអៈរអួល

 

ជូនពរសំណាងល្អ!!!

លោក រ័ត្ន តារាពិសួគ៌ (Rath Darapisuor) ទីប្រឹក្សារបស់សួរមួយ ដែលមានបទពិសោធន៌ជោគជ័យក្នុងការទទួលបានអាហារូបករណ៍នានាដូចជា Asian Development Bank (ADB) និង New Zealand ASEAN Scholarships. លោក តារាពិសាលទទួលបានអនុបណ្ឌិតច្បាប់ (Master of Laws) ពីសាកលវិទ្យាល័យ The University of Waikato ប្រទេស នូវែលសេឡង់ នៅឆ្នាំ២០១៩។

ចែកចាយតាមបណ្ដាញសង្គម